ដឹងអត់ហេតុអ្វីជាសត្វនាគនិងគ្រុឌស្អប់គ្នាខ្លាំងម្លេះ ?

866
views

យើងឃើញមានវត្តមានរបស់គ្រុឌ និងនាគញឹកញាប់ណាស់នៅក្នុងសិល្បៈខ្មែរ ក៏ដូចជារឿងព្រេងខ្មែរ ជាពិសេស ខ្មែរយើងមានរឿងព្រេងដែលរៀបរាប់ថាយើងមានជាប់ខ្សែស្រលាយនឹងនាគទៀតផង ហើយនៅក្នុងរូបិយបណ្ណរៀលខ្មែរគ្រប់សន្លឹកក៏មានរូបនាគដែរ ដោយឡែកប្រទេសនៅក្បែរយើងពីរ

គឺថៃ និងឥណ្ឌូនេស៊ី គេមានរូបគ្រុឌ ជានិមិត្តសញ្ញាជាតិរបស់គេ ដូច្នេះយើងគួរតែយល់ដឹងរឿងខ្លះទាក់ទងនឹងប្រវត្តិគ្រុឌនិងនាគនេះ ។ឥសីកាស្យាបៈ មានភរិយា ១៣នាក់ ដែលជាបុត្រីរបស់ទក្សា(ជាបុត្រាព្រះព្រហ្ម កើតចេញពីម្រាមមេដៃ) ឥសីកាស្យាបៈ (ជាឪពុករបស់ពពួកអប្សរ) បានប្រទានពរដល់ភរិយារបស់ព្រះអង្គ មុននឹងចេញទៅធ្វើតបៈ នាងកាទ្រុ បានសូមពរឲ្យមានកូន១០០០ ក្បាល កើតមកជាសត្វនាគ ចំណែកបងស្រីរបស់នាងកាទ្រុគឺនាងវិណាត ច្រណែន ក៏បានសូមពរឲ្យមានកូនពីរអ្នក ដែលខ្លាំងជាងកូនរបស់នាងកាទ្រុ (មិនមែនកាទ្រីតទេ ហាហា) ។

ក្រោយមកនាងកាទ្រុ ក៏សម្រាលបានពងសត្វចំនួន ១ពាន់ចំណែកនាងវិណាត សម្រាលបានពងសត្វចំនួន ២ ក្រោយពីប្រើវិធីក្រាបពងក្នុងទឹកក្តៅ ៥០០ឆ្នាំ ពងទាំង ១០០០របស់នាងកាទ្រុ ក៏ញាស់ជានាគ ចំណែកឯកូនរបស់នាងវិណាតមិនព្រមញាស់សោះ នាងវិណាតស្តាប់តាមនាងកាទ្រុឲ្យបំបែកពងនោះ នាងវិណាតក៏បំបែកពងមួយ ដែលកើតបានជាព្រះអរុណ មានពាក់កណ្តាលខ្លួនជាមនុស្ស ដោយកើតមកមិនពេញលក្ខណៈ ព្រះអរុណក៏ដាក់បណ្តាសារម្តាយគឺនាង វិណាត ឲ្យក្លាយជាទាសកររបស់នាងកាទ្រុ ៥០០ឆ្នាំ រហូតដល់កូនទីពីររបស់នាងញាស់ ហើយព្រះអរុណក៏បានហោះទៅធ្វើជាសារថីឲ្យព្រះសូរិយា ។ តាមទេវកថានេះតំណាលថាដោយសារតែបានព្រះអរុណនេះជាអ្នកបាំងកម្តៅព្រះអាទិត្យទើបកម្តៅរបស់ព្រះអាទិត្យមិនបានធ្វើឲ្យផែនដីឆេះខ្លោច ។


នាងវិណាត បានចាញ់ការភ្នាល់បោកប្រាសរបស់នាងកាទ្រុដោយនាងកាទ្រុសួរថាសេះអូសរទេះរបស់ព្រះសុរិយាមានសំបុរអ្វី?នាងវិណាតថាពណ៌ស. តែនាងកាទ្រុថាពណ៌ស.លាយខ្មៅហើយនាងកាទ្រុក៏ប្រើឲ្យកូននាគរបស់នាងកាឡាខ្លួនជាអង្កត់ខ្មៅទៅនៅជាប់លើសេះអូសរទេះរបស់ព្រះសូរិយា ទើបធ្វើឲ្យនាងវិណាត ក្លាយជាទាសកររបស់នាងកាទ្រុនិងពពួកនាគ ។ ពងរបស់នាងវិណាតមួយទៀតដែលត្រូវភ្ញាស់នៅក្នុងពេល ១០០០ឆ្នាំ ក៏បានញាស់មកជា ពាក់កណ្តាលខាងលើដូចមនុស្ស ពាក់កណ្តាលខាងក្រោមជាសត្វស្លាប ដោយមានដងខ្លួនក្រហម មុខស. និងរោមពណ៌មាស គេទទួលបានឈ្មោះថាសុពណ៌ (ក្រោយមកទទួលបានឈ្មោះជាគ្រុឌវិញ) ។

ដោយចង់រំដោះម្តាយរបស់ខ្លួនពីទាសភាពសុពណ៌បានទៅស្នើឲ្យពពួកនាគព្រមដោះលែងម្តាយរបស់ខ្លួនពួកនាគបានប្រាប់ឲ្យ សុពណ៌ទៅលួចទឹកអម្រិតពីព្រះឥន្ទ្រយកមកធ្វើជាថ្នូរនឹងម្តាយរបស់ខ្លួន ។ សុពណ៌ក៏ព្រម តែដើម្បីអាចហោះទៅដល់ស្ថានព្រះឥន្ទ្របាន ម្តាយរបស់គ្រុឌបានប្រាប់ឲ្យ សុពណ៌ទៅស៊ីពួកអំបូរអ្នកនេសាទមួយក្រុម តែជៀសវៀងកុំស៊ីដោយព្រាហ្មម្នាក់នៅជាមួយពួកអ្នកនេសាទនោះគ្រុឌក៏ធ្វើតាម តែ សុពណ៌ច្រឡំស៊ីដោយទាំងព្រាហ្ម ធ្វើឲ្យក្តៅពោះត្រូវខ្ជាក់ចេញមកវិញ ។ សុពណ៌បានទៅសួរឪពុករបស់ខ្លួនរកចំណីឲ្យស៊ី ឥសីកាស្យាបៈក៏បានប្រាប់ឲ្យ សុពណ៌ទៅចាប់ដំរីនិងអណ្តើក ដែលកំពុងឈ្លោះគ្នាធ្វើជាចំណី ដើម្បីរំដោះបាបរបស់ពោះគេ ព្រោះថាសត្វទាំងពីរធ្លាប់ជាព្រាហ្មកាលពីជាតិមុនតែត្រូវមកកើតជាសត្វដោយសារដាក់បណ្តាសារគ្នាទៅវិញទៅមក ។


សុពណ៌បានចាប់ដំរី និងអណ្តើកទៅស៊ីនៅលើមែកពោធិ៍មួយ(មែកពោធិ៍នោះមានប្រវែង ១០០០ យោជន៍ បើដាំបានតែមួយដើមអី ធ្វើស្ពានពីភ្នំពេញ នៅចាការតា នៅឥណ្ឌូនេស៊ី មិនបាច់ចាក់ដែកបេតុទេ កាច់តែ ១មែក ដាក់ទៅដល់ហ្មង ហាហា)ពេលទុំលើមែកពោធិ៍ មែកពោធិ៍ក៏បម្រុងនឹងបាក់ទៅលើពួកព្រាហ្មតឿកំពុងធ្វើតបៈ សុពណ៌ខ្លាចបាក់មែកពោធិ៍លើពួកព្រាហ្មក៏ ហោះពាំមែក ពោធិ៍ចេញទៅ ពួកព្រាហ្មតឿក៏សរសើរនិងឲ្យពរទៅសុពណ៌ និងប្រទាននាមឲ្យថា គ្រុឌ ដែលមានន័យថាអ្នកដែលអាចទ្រាំទ្រនឹងទម្ងន់ដ៏ធ្ងន់ ។បន្ទាប់ពីនោះ គ្រុឌក៏បានហោះទៅលួចទឹកអម្រិតនៅស្ថានទេវលោកដោយបានឆ្លងកាត់មាត់ច្រកអគ្គី និងបានធ្វើឲ្យអសិរពិសនៅយាមទឹកអម្រិតពីរក្បាលខ្វាក់ភ្នែក ដោយសារការទទះស្លាបបក់ធូលីចូលទៅក្នុងភ្នែករបស់ពស់ ។ ពេលលួចបានហើយហោះចេញមកវិញ ជួបនឹងព្រះវិស្ណុ ដោយឃើញថាគ្រុឌមានគុណធម៌លួចបានទឹកអម្រិតតែមិនផឹកដោយខ្លួនឯង ទើបព្រះវិស្ណុឲ្យពរទៅគ្រុឌឲ្យមានជីវិតអមតៈ ហើយគ្រុឌក៏សុខចិត្តធ្វើជាជំនះរបស់ព្រះវិស្ណុ ហោះទៅមុខទៀតជួបនឹងព្រះឥន្ទ្រព្រះឥន្ទ្របានប្រើវជ្រា (ផ្លែរន្ទះ) បាញ់ទៅលើគ្រុឌ ដោយធ្វើឲ្យគ្រុឌរបូតរោមតែមួយប៉ុណ្ណោះ គ្រុឌបានចចារជាមួយព្រះឥន្ទ្រដោយសុំឲ្យយកទឹកអម្រិតទៅរំដោះម្តាយសិន ហើយចាំឲ្យព្រះឥន្ទ្រទៅដណ្តើមយកទឹកអម្រិតមកវិញ ព្រះឥន្ទ្រយល់ព្រមហើយក៏បានឲ្យពរឲ្យគ្រុឌអាចចាប់នាគយកមកធ្វើជាចំណីបាន ។

ពេលគ្រុឌហោះនាំយកទឹកអម្រិតទៅឲ្យពពួកនាគ ពពួកនាគក៏ព្រមរំដោះនាងវិណាតពីទាសភាព ហើយគ្រុឌបានប្រាប់ឲ្យពពួកនាគ គួរតែលាងជម្រះខ្លួនសិន មុននឹងផឹកទឹកអម្រិតពពួកនាគក៏ធ្វើតាម ហើយក៏បានយកស្លឹកស្មៅម្យ៉ាងទៅគ្របលើថូរទឹកអម្រិត ។ ពេលពពួកនាគចុះងូតទឹក ព្រះឥន្ទ្រក៏ចុះមកឆក់យកថូរទឹកអម្រិតទៅវិញ ហើយស្មៅដែលគ្របថូរមានជាប់ទឹកអម្រិតក៏ធ្លាក់ចុះមកក្រោម ពពួកនាគឡើងមកមិនឃើញទឹកអម្រិតក៏បានត្រឹមលិតទឹកអម្រិតដែលនៅជាប់នឹងស្លឹកស្មៅនោះ ធ្វើឲ្យពួកគេរយះអណ្តាតព្រែកជាពីរ ។

តាំងពីនោះមក នាគ និងគ្រុឌ មិនត្រូវគ្នានោះទេ គ្រុឌតែងតែចាប់នាគស៊ីជាហេតុបណ្តាលឲ្យនាគត្រូវទៅពួននៅក្នុងទឹកដោយលេបថ្មដើម្បីធ្វើឲ្យខ្លួនរបស់ពួកគេធ្ងន់ លិចទៅក្នុងទឹកហើយនៅពេលគ្រុឌចាប់នាគបាន គ្រុឌក៏លើកកន្ទុយរបស់នាគឡើងដើម្បីទម្លាក់ថ្មចេញសិន មុននឹងស៊ីនាគ ។ស្តេចនាគមួយក៏បានចូលទៅស្មោះស្ម័គ្រនឹងព្រះវិស្ណុដើម្បីបញ្ជៀសខ្លួនពីការចាប់របស់គ្រុឌ នាគនោះគឺនាគអនន្តចំណែកឯនាគពិសមួយទៀតគឺនាគកាលិយៈបានរត់គេចខ្លួនទៅនៅក្នុងបឹងមួយនៃទន្លេយមុនា ក្បែរភូមិវរិន្ទវ័នជាភូមិរបស់ព្រះក្រឹស្ណៈ ក្រោយមកនាគនោះត្រូវបានបង្ក្រាបដោយព្រះក្រឹស្ណៈ តែមិនបានសម្លាប់នោះទេ នាគកាលិយៈទៅពួននៅទីនោះដើម្បីជៀសពីគ្រុឌ ព្រោះគ្រុឌមិនអាចចូលទៅបឹងនោះបានដោយសារត្រូវបណ្តាសាររបស់ឥសីមួយអង្គ ។

ប្រភព៖khmerapsaradaily

Comments

comments