អាមេរិក៖ ថ្មីៗនេះ ស្ត្រីជាម្ដាយម្នាក់អាយុ៣២ឆ្នាំ និងមកពីសហរដ្ឋអាមេរិក បានចែករំលែកនូវបទពិសោធន៍នៃការពរពោះកូនក្នុងផ្ទៃរយៈពេលសរុប៨៨ខែ ឬ៧ឆ្នាំ ៤ខែ ទៅលើបណ្ដាញសង្គមតិកតុក ខណៈបច្ចុប្បន្ន គាត់មានកូនដល់ទៅ១២នាក់ឯណោះ។
ជាក់ស្ដែង អ្នកស្រី Britni បានពរពោះកូនដំបូង ជាមួយអតីតស្វាមី បន្ទាប់ពីថ្ងៃខួបកំណើតគម្រប់អាយុ១៦ឆ្នាំរបស់គាត់។ ហើយទំនាក់ទំនងស្វាមីភរិយា ក៏ត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១០ ដោយមានកូនរួមគ្នាចំនួន៤នាក់។
តួយ៉ាង បន្ទាប់ពីការលែងលះ អ្នកស្រីបានប្រើប្រាស់ជីវិតយ៉ាងសប្បាយរីករាយជាមួយនឹងការជប់លៀងនាពេលរាត្រីផ្សេងៗ និងបណ្ដាលឲ្យមានផ្ទៃពោះដោយមិនបានព្រៀងទុក ដែលធ្វើឲ្យមានកូនចំនួនពីរនាក់ទៀត ក្នុងឆ្នាំ២០១២។ ហើយគាត់បានចំណាយអស់រយៈពេល៣ឆ្នាំ ក្នុងការមើលថែ និងចិញ្ចឹមបីបាច់កូនៗទាំង៦នាក់តែម្នាក់ឯង។
លុះមកដល់ឆ្នាំ២០១៤ អ្នកស្រីបានជួបនឹងដៃគូស្នេហាថ្មី ដែលបច្ចុប្បន្នជាស្វាមីរបស់គាត់ផ្ទាល់តែម្ដង និងមានកូនរួមគ្នាចំនួន៦នាក់បន្ថែម ដោយរួមបញ្ចូលកូនភ្លោះចំនួន៣នាក់ផងដែរ។
យ៉ាងណាមិញ អ្នកស្រី និងស្វាមី ត្រូវចំណាយអស់ទឹកប្រាក់ចំនួន២៣០ផោន (ប្រមាណ២៩២ដុល្លារអាមេរិក) ទៅលើម្ហូបអាហារ និងនំចំណីផ្សេងៗក្នុងមួយសប្ដាហ៍។ ហើយចំពោះគាត់ មិនសូវចូលចិត្តពរពោះឡើយ តែនឹងពេញចិត្តពរពោះ ប្រសិនបើចង់បានកូនបន្ថែមទៀត៕