ប៉ាគីស្ថាន៖ បុរសអាយុ២៨ឆ្នាំម្នាក់ មកពីប្រទេសប៉ាគីស្ថាន ត្រូវបានគេស្គាល់ថាជា តាហ្សង់ ឬមនុស្សព្រៃភ្នំ របស់ទីក្រុង Karachi បន្ទាប់ពីគាត់បានចំណាយពេល៨ឆ្នាំចុងក្រោយ នៃជីវិតរបស់គាត់រស់នៅក្នុងផ្ទះ លើដើមឈើ។
ជាក់ស្ដែង ត្រឹមតែមួយយប់ប៉ុណ្ណោះ លោក Farman Ali បានក្លាយជាការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីវីដេអូដែលបង្ហាញពីការរស់នៅដ៏ចម្លែករបស់គាត់ ត្រូវបានគេយកទៅចែកចាយកាលពីសប្ដាហ៍មុន។ ចំពោះមូលហេតុដែលរស់នៅបែបនេះ គឺដំបូងឡើយ គាត់បានបាត់ឪពុកម្ដាយ និងដោយសារជីវភាពក្រីក្រពេក ក៏គ្មានលទ្ធភាពក្នុងការទិញផ្ទះ។ ហើយក្រោយមក គាត់ក៏សម្រេចចិត្តរស់នៅលើផ្លូវសាធារណៈមួយរយៈសិន ទើបនឹកឃើញការសាងសង់ផ្ទះឈើលើដើមឈើ ដោយយកក្រណាត់មកគ្របដើម្បីការពារពីខ្យល់ និងភ្លៀង ខណៈដំបូលប្រក់ឈើឬស្សី ដែលជាកន្លែងមិនមាននរណាម្នាក់រំខាន ឬបណ្ដេញគាត់ចេញបានទេ ព្រោះដើមឈើជាទ្រព្យសម្បត្តិរបស់សាធារណៈផងដែរ។
តួយ៉ាង សព្វថ្ងៃនេះ គាត់បានប្រកបអាជីពជាអ្នកលាងសម្អាតរថយន្ដ បោសសម្អាតខាងក្រៅផ្ទះរបស់អ្នកដទៃ និងដើរទិញគ្រឿងទេសផ្សេងៗជំនួសអ្នកដទៃជាដើម ដើម្បីបានប្រាក់ចិញ្ចឹមជីវិត។ ហើយភាគច្រើន គាត់បានប្រាក់បន្ដិចបន្ដួចប៉ុណ្ណោះ ជាមួយនឹងអាហារ រួមទាំងទឹកត្រជាក់ៗ។
យ៉ាងណាមិញ គាត់ក៏ធ្លាប់បានសុំជំនួយពីសាច់ញាតិ និងអាជ្ញាធរដែរ តែមិនមាននរណាម្នាក់ខ្វល់ខ្វាយជាមួយគាត់ឡើយ ដូច្នេះហើយគាត់នឹងបន្ដក្ដីសង្ឃឹមជាមួយព្រះអាឡស់ប៉ុណ្ណោះ៕