កម្សាន្ត ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយពីអ្នកចម្រៀងម្នាក់ដែលមានឈ្មោះថា សួ វិចិត្រ ដែលជាបេក្ខភាពដ៏លេចធ្លោម្នាក់នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Beat The Best ដែលជាកម្មវិធីដ៏ល្បីល្បាញមួយលំដាប់ថ្នាក់ពិភពលោក ។
យ៉ាងណាមិញបើយើងងាកមកចាប់អារម្មណ៍ពីជីវប្រវត្តិខ្លះៗរបស់បេក្ខជនរូបនេះវិញគឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ សួ វិចិត្រ មានស្រុកកំណើតនៅភូមិថ្នល់ជប៉ុន ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់បានរស់នៅជាមួយជីតាតាំងពីតូចមក ដោយសារបែកពីម្តាយដែលបានទៅធ្វើការងារជាពលករនៅប្រទេសថៃហើយឪពុកស្លា.ប់ចោលតាំងពីប្អូននៅក្មេងវ័យ។
ប្អូនជាកូនកំព្រាតាំងពីតូច ហើយបច្ចុប្បន្នក៏ប្អូននៅតែរស់នៅបែកពីអ្នកម្តាយជាទីស្រឡាញ់ដដែល ដោយសារម្តាយលោកប្រកបរបរជាកម្មការិនីសំណង់នៅខេត្តព្រះសីហនុជាមួយប្តីក្រោយ និងមានបន្ទុកចិញ្ចឹមប្អូនស្រី ២ នាក់ទៀតផង។
ទន្ទឹមនិងនេះដែរប្អូនប្រុស សួ វិចិត្រ ក៏បានទម្លាយឲ្យមហាជនបានដឹងពីមូលហេតុដែលធ្វើឲ្យខ្លួនឈានជើងចូលប្រឡងនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Beat The Best នេះ វិចិត្រ បានប្រាប់ថា រូបនេះគឺចាំបាច់ណាស់ត្រូវតែដណ្តើមជ័យជម្នះនៅក្នុងការប្រគួតប្រជែងមួយនេះឲ្យបាន ព្រោះរូបនេះបានមានក្តីសង្ឃឹមថា នៅពេលឈ្នះនៅក្នុងការប្រគួតនេះហើយ រូបគេនិងមានលទ្ធភាពជួយជ្រោមជ្រែងគ្រួសារឲ្យមានជីវភាពល្អប្រសើរជាងពេលបច្ចុប្បន្ន ហើយម្តាយនិងប្អូនរបស់ គេនិងលែងធ្វើការងារធ្ងន់ៗដូចរាល់ថ្ងៃនេះទៀត ។
ជាចុងក្រោយ វិចិត្រ បានបញ្ជាក់ច្បាស់ៗថា រូបគេនិងខំប្រឹងគ្រប់បែបយ៉ាងដើម្បីដណ្តើមយកជ័យជម្នះ ដើម្បីក្លាយខ្លួនជាតារាចម្រៀងពេញសិទ្ធមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាសឲ្យបានជាដាច់ខាត ៕