មុនឆ្លងចូលឆ្នាំ២០២២ ចំណុចទាំងនេះដែលមនុស្សស្រីគួរចងចាំទុកជាមេរៀន

82
views

យល់ដឹង៖ ពេលវេលាចេះតែរំកិលទៅមុខ ធ្មិចបើកៗឆ្នាំ២០២១ក៏ជិតនឹងបញ្ចប់ ហើយឆ្នាំ២០២២ក៏កាន់តែខិតជិតមកដល់ ប៉ុន្តែរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ វាក៏បានធ្វើឱ្យយើងម្នាក់ៗ បានជួបនូវរឿងរ៉ាវជាច្រើន ទាំងរឿងល្អនិងរឿងមិនល្អ ប៉ុន្តែនៅក្នុងរឿងមិនល្អ វាក៏បានបង្កប់នូវមេរៀនជីវិតជាច្រើន មកដល់យើងដែរ។

ហេតុនេះហើយ ជាពិសេសចំពោះមនុស្សស្រីគ្រប់រូប មុននឹងឆ្លងចូលដល់ឆ្នាំ២០២២នាពេលខាងមុខនេះ មនុស្សស្រីគ្រប់រូប គួរតែយកនូវចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលមនុស្សស្រីស្ទើរតែទាំងអស់បានជួបនៅក្នុងឆ្នាំចាស់ យកមកធ្វើជាមេរៀននៅក្នុងឆ្នាំថ្មី។

មុនឆ្លងចូលឆ្នាំ២០២២ ចំណុចទាំងនេះដែលមនុស្សស្រីគួរចងចាំទុកជាមេរៀន៖

១. ២០២១មិនអាចកំណត់បានថាអ្នកជាអ្នកណាទេ

មិនថានៅក្នុងឆ្នាំ២០២១ មានរឿងអ្វីកើតឡើងនោះទេ វាក៏នៅតែមិនអាចកំណត់បានថាអ្នកជាអ្នកណាដែរ ហេតុនេះហើយ មុននឹងឆ្លងចូលដល់ឆ្នាំ២០២២ មនុស្សស្រីគ្រប់រូប គួរតែចងចាំទុកថា រឿងរ៉ាវដែលបានកើតមានឡើងនៅក្នុងឆ្នាំ២០២១ វាគ្រាន់តែជារឿងរ៉ាវដែលបានកន្លងហួសតែប៉ុណ្ណោះ មិនត្រូវយកវាមកបន្លាចថាខ្លួនឯងថាជាមនុស្សអន់នោះទេ ព្រោះនៅមានរឿងល្អៗជាច្រើនទៀត កំពុងតែរង់ចាំអ្នកនៅក្នុងឆ្នាំថ្មី។

២. អ្នកបានព្យាយាមធ្វើអស់ពីសមត្ថភាពហើយ

មិនថាអ្នកទទួលបានលទ្ធផលល្អឬក៏អត់នោះទេ អ្វីដែលសំខាន់គឺអ្នកបានព្យាយាមធ្វើវា ឱ្យអស់ពីសមត្ថភាពទៅហើយ ដូច្នេះហើយ មនុស្សស្រីគួរចងចាំ ហើយចាត់ទុកជាមេរៀននៅក្នុងឆ្នាំថ្មីថា បើធ្វើអ្វីមួយដោយបានព្យាយាមឱ្យអស់ពីសមត្ថភាពទៅហើយនោះ លទ្ធផលចេញមកបានប៉ុណ្ណា ក៏គួរតែរៀនទទួលយកបុណ្ណឹងទៅ ទើបជីវិតនៅក្នុងឆ្នាំថ្មីមានសេចក្តីសុខខ្លះ។

៣. អ្នកមិនអាចធ្វើតាមបេះដូងរបស់អ្នកបានគ្រប់ពេលឡើយ

ជាទូទៅមនុស្សស្រីគិតថា ការធ្វើអ្វីមួយតាមបេះដូងវាជារឿងត្រឹមត្រូវ តែវាមិនប្រាកដទេថា រឿងដែលធ្វើតាមបេះដូងវាសុទ្ធតែត្រឹមត្រូវនោះ ព្រោះប្រសិនបើយើងមិនចេះគិតពិចារណាឱ្យបានម៉ត់ចត់ បែបនេះហើយ អ្វីដែលជាមេរៀននៅក្នុងឆ្នាំ២០២១ គឺវាបានបង្រៀនឱ្យយើងបានដឹងថា មុននឹងធ្វើអ្វីមួយ គឺមិនអាចធ្វើតាមបេះដូងបានរហូតទេ តែក៏ត្រូវធ្វើតាមខួរក្បាលខ្លះដែរ ទើបអ្វីដែលយើងធ្វើ វាមិនអាចឱ្យយើងមានការស្តាយក្រោយទៅថ្ងៃមុខ។

៤. ការជួបនូវភាពបរាជ័យ

នៅក្នុងឆ្នាំ២០២១ ទោះអ្នកជួបនូវការបរាជ័យជាច្រើនដងហើយក៏ដោយ ក៏នៅក្នុងឆ្នាំថ្មីដែលជាឆ្នាំ២០២២ វាក៏នៅតែអាចធ្វើឱ្យអ្នកបានជួបនូវភាពបរាជ័យម្តងទៀដែរ ប៉ុន្តែការបរាជ័យនៅក្នុងឆ្នាំ២០២១នេះ វាបានបង្រៀនឱ្យមនុស្សស្រីគ្រប់រូបបានដឹង និងបានចងចាំថា រាល់ភាពបរាជ័យ វាគ្រាន់តែជាស្ពានឆ្លងទៅកាន់ភាពជោគជ័យតែប៉ុណ្ណោះ ហើយការបរាជ័យវាមិនគួរឱ្យខ្លាចដូចជាការគិតនោះទេ សំខាន់ឱ្យតែចេះក្រោកឈរឡើងវិញ ភាពជោគជ័យនៅក្នុងជីវិតគឺនៅតែមាន។

៥. ការសាងកំហុស

អ្នកណាៗក៏ចេះសាងកំហុសដែរ តែអ្វីដែលសំខាន់គឺដឹងខុស និងចេះកែប្រែកំហុសទាំងនោះឡើងវិញ ដូច្នេះហើយ អ្វីដែលអ្នកគួរតែចងចាំទុកធ្វើជាមេរៀននៅក្នុងឆ្នាំ២០២២ គឺការកែប្រែកំហុសដែលខ្លួនធ្លាប់បានសាងកន្លងមក ហើយការដែលសាងកំហុសឡើងមក វាក៏បានជួយធ្វើឱ្យអ្នក កាន់តែក្លាយទៅជាមនុស្សម្នាក់ ដែលមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំថ្មីផងដែរ៕

Comments

comments