ក្រុមហ៊ុនបារមី ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ទាក់ទងនិងវិវាទផ្លូវច្បាប់ រវាងវណ្ណដា ជាមួយក្រុមហ៊ុន Smart Axiata

436
views

តារាចម្រៀងរ៉េប ដ៏ល្បីឈ្មោះបោះសំលេង លោក វណ្ណដា ដែលសិល្បករដ៏ល្បីឈ្មោះ និងទទួលបានការគាំទ្រយ៉ាងខ្លាំង​នោះ ស្រាប់តែកាលពីពេលថ្មីៗនេះ ក៏មានបញ្ហាវិវាទជាមួយនឹងក្រុមហ៊ុនដ៏ធំមួយ នៅគឺជាក្រុមស្មាត ។ បញ្ហាមួយនេះ កំពុងតែធ្វើឲ្យបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកវណ្ណដា បានបង្ហោះសារអមជាមួយវិដេអូឃ្លីបយ៉ាងខ្លី ដោយលោកបានរៀបរាប់ថា “សួស្ដីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមានរឿងខ្លះមកចង់ប្រាប់ដល់អ្នកទាំងអស់គ្នា ដោយសារតែមានបញ្ហាច្រើនពេក ខ្ញុំសូមនិយាយនៅក្នុងវីដេអូទាំងអស់តែម្ដង។ ដូច្នេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាស្ដាប់នូវវីដេអូនេះឲ្យចប់ ហើយក៏សង្ឃឹមថា តុលាការនឹងផ្ដល់ យុត្តិធម៍ដល់សិល្បករខ្មែរមួយរូបដូចជាខ្ញុំ ដែលនឹងចេញសាលក្រមនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នាវេលាម៉ោង ៨:00 ព្រឹក។ ជាចុងក្រោយ ខ្ញុំបាទសូមធ្វើការអរគុណទៅដល់អ្នកទាំងអស់គ្នា សម្រាប់ការស្ដាប់អំពីបញ្ហាផ្ទាល់ខ្លួនរបស់ ខ្ញុំ។ អរគុណ!”។

ពាក់ព័ន្ធនឹងបញ្ហាមួយនេះ ពេលនេះ Baramey Production បានចេញលិខិតដើម្បីធ្វើការបកស្រាយថា ” សួស្តីអ្នកទាំងអស់គ្នា!

អ្នកទាំងអស់គ្នាប្រាកដជាជ្រាបអំពីការបកសរាយរបស់លោកវណ្ណដា ផ្ទាល់តាមរយៈខ្សែរវិដេអូមួយ កាលពីប៉ុន្មានម៉ោងមុននេះ ដែលនិយាយទាក់ទងទៅនឹងបញ្ហារវាងវណ្ណដា និងក្រុមហ៊ុនស្មាត។

ដូច្នេះតាមការស្នើសុំរបស់វណ្ណដា យើងខ្ញុំសូមចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ និងធ្វើការគាំទ្រ នូវអ្វីដែលវណ្ណដាបាននិយាយនៅក្នុងវិដេអូបកស្រាយរបស់គាត់ទាក់ទងនឹងរឿងផ្លូវច្បាប់ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ស្មាត។

ក្រុមហ៊ុនបារមី គឺជាក្រុមហ៊ុនគ្រប់គ្រងការងារសិល្បៈ អាជ្ញាប័ណ្ណ កិច្ចសន្យា និងការទទួលកក់ សម្តែង/ច្រៀងរបស់វណ្ណដា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៨មកម៉្លេះ។ ក្នុងនាមជាសិល្បករក្រុមហ៊ុនបារមី វណ្ណដា ស្ថិតក្រោមការគ្រប់គ្រងនិងការគាំទ្រ ពីផលិតកម្មបារមី រហូតមកដល់សព្វថ្ងៃនេះ។ក្រុមហ៊ុនស្មាត បានចេញសេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីការពារសកម្មភាពរបស់ពួកគេ។ ក្រុមហ៊ុនបារមីយើងខ្ញុំ បានព្យាយាមអស់រយៈពេលជាច្រើនខែកន្លងមក ដោយធ្វើការឆ្លើយតបជាមួយក្រុមហ៊ុនស្មាត ក្នុងលក្ខណៈឯកជនទៅតាមរបៀបនៃការធ្វើការ ហើយឥឡូវនេះ យើងយល់ថាយើងគ្មានជម្រើសអ្វីក្រៅពីការធ្វើឆ្លើយតបក្នុងវេទិកាសាធារណៈនេះទេ។ យើងខ្ញុំក៏បានផ្តល់មេធាវីនឹងក្រុមប្រឹក្សាផ្នែកច្បាប់ដ៏ល្អបំផុតសម្រាប់វណ្ណដាហើយ នឹងព្យាយាមយ៉ាងស្វិតស្វាញដើម្បីឲ្យគាត់ទទួលបានយុត្តិធម៏មួយនេះ។

ក្រុមហ៊ុនស្មាត បានលើកឡើងដោយត្រឹមត្រូវ​ អំពីចំណុចក្នុងកិច្ចសន្យារវាងសិល្បករ និងស្មាត ពីលក្ខខណ្ឌមួយក្នុងការ “បន្តកិច្ចសន្យាចាស់ដោយស្វ័យប្រវត្ថិ” ដែលហៅថា Automatic Renewal ។ ប៉ុន្តែនៅក្នុងរឿងក្តីរបស់វណ្ណដា អំពី “បន្តកិច្ចសន្យាចាស់ដោយស្វ័យប្រវត្ថិ” ដែលយើងហៅថា Automatic Renewal នោះ ត្រូវបានអស់សុពលភាពដោយហេតុ នៅមុនពេលផុតកំណត់ នៃកិច្ចសន្យា យើងខ្ញុំបានចំណាយពេលជាច្រើនខែធ្វើការរួមគ្នាជាមួយក្រុមហ៊ុនស្មាត ។ ក្រុមហ៊ុនស្មាត បានសរសេរយ៉ាងច្បាស់នៅក្នុងអ៊ីម៉ែល និងសារតាម Whatsapp ជាច្រើនដែលក្រុមហ៊ុន ស្មាត មិនមានបំណងក្នុងការបន្តកិច្ចសន្យាចាស់ទៅទៀតទេ។ នៅខែតុលា ឆ្នាំ២០១៨ ប្រធានផ្នែកតន្រ្តីរបស់ស្មាត , Mr.Felipe Noguchi បានទាក់ទងមកក្រុមហ៊ុន បារមី ដើម្បីផ្តួចផ្តើមសរសេរកិច្ចសន្យាថ្មីមួយ។ នៅខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនបារមី និងស្មាត បានយល់ព្រមគ្នាទៅលើលក្ខខណ្ឌថ្មី ហើយចាប់ផ្តើមរៀបចំកិច្ចសន្យាថ្មី មួយខែមុនកិច្ចសន្យា របស់វណ្ណដាផុតកំណត់។ ពេលភ្លាមៗនោះ Mr.Felipe Noguchi បានលាឈប់ពីក្រុមហ៊ុនស្មាត ។ ការព្រមព្រៀងទៅលើកិច្ចសន្យាថ្មីនេះ ត្រូវបានផ្ទេរទៅឲ្យបុគ្គលិក ស្មាត ម្នាក់ទៀតគឺ Mr. Chiseng Lam។ Mr. Chiseng Lam បានធានាដល់ បារមី ថា គ្រប់យ៉ាងមិនមានការផ្លាស់ប្តូរទេ។ បន្ទាបមក ស្រាប់តែ Mr. Chiseng Lam ជូនដំណឹងដល់ បារមី ថា ស្មាត មិនទទួលយក កិច្ចព្រមព្រៀងថ្មីទៀតទេ ។ បញ្ហានេះ បានធ្វើឲ្យ បារមី ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រុមហ៊ុន បារមី បានស្នើទៅស្មាត សូមឲ្យក្រុមហ៊ុន កុំងាករេចេញពីអ្វី ដែលបានព្រមព្រៀង និងបានចរចារកន្លងមកនេះ។ ស្មាត បានឆ្លើយថា នេះគឺជាការសម្រេចចិត្តចុងក្រោយ។ ដូច្នេះទើបក្រុមហ៊ុនបារមី បានឆ្លើយទៅកាន់ក្រុមហ៊ុនស្មាត វិញថា បើយើងទាំងពីរមិនឯកភាពចំពោះលក្ខខណ្ឌថ្មីនោះទេ យើងមិនអាចបន្តការងារជាមួយគ្នាទៀតបានឡើយ។ នេះបានបញ្ជាក់យ៉ាងច្បាស់លាស់ អំពីដំណើររឿងនេះ។

ជាអកុសល ក្រុមហ៊ុនស្មាត បានជូនដំណឹងមកដល់ពួកយើងអំពី “គោលបំណងក្នុងការចោទប្តឹងទៅលើសិល្បករ របស់ពួកយើង (វណ្ណដា)” ហើយពួកគេបានច្រានចោល រាល់ភស្តុងតារបស់យើង ដែលបានបញ្ជាក់ថា កិច្ចសន្យាត្រូវបានបញ្ចប់ តាំងពីខែមិនា ឆ្នាំ២០២០ មកម្ល៉េះ។ ក្រុមហ៊ុនស្មាត នៅតែបន្តមិនឆ្លើយតបរាល់ការសុំរបស់ពួកយើង ដើម្បីផ្តល់នូវព័ត៏មាន ដែលមានការទាក់ទងនិងការបញ្ចប់ កិច្ចព្រមព្រៀងមួយនេះ។ តាមការពិត “បន្តកិច្ចសន្យាចាស់ដោយស្វ័យប្រវត្តិ” តម្រូវឲ្យមានលក្ខខណ្ឌនៅដដែល។ ស្មាត គឺជាភាគីដែឡបានផ្តួចផ្តើមធ្វើការចរចារទៅលើលក្ខខណ្ឌកិច្ចសន្យាថ្មី ប៉ុន្តែក្រោយមកក៏បានបោះបង់កិច្ចសន្យាថ្មីចោលដែលធ្វើឲ្យ”បន្តកិច្ចសន្យាចាស់ដោយស្វ័យប្រវត្តិ” អស់សពុលភាព។

យើងខ្ញុំពិតជាគោរព និងធ្វើកោតសរសើរនូវការខិតខំប្រឹងប្រែងជួយលើកស្ទួយជ្រោមជ្រែង វិស័យតន្ត្រីនៅកម្ពុជាកន្លងមក ដែលក្រុមហ៊ុនស្មាត បានធ្វើរហូតមកដល់ស្វថ្ងៃ។ នៅក្នុងគោលការណ៍របស់ក្រុមហ៊ុនស្មាត ក៏បានចែងយ៉ាងច្បាស់ថា ពួកគេតែងតែគាំទ្រនូវទេពកោសល្យ និងលើកកម្ពស់ស្នាដៃសិល្បៈក្នុងស្រុក។ ក្រុមហ៊ុនស្មាត ធ្លាប់ជួយជ្រោមជ្រែងវិស័យតន្រ្តីខ្មែរ ឲ្យខិតទៅរកគុណភាពកម្រិតស្តង់ដាពិភពលោក។ នេះជារឿងពិតដែលមិនអាចបំភ្លៃបាន។ ជាការនឹកស្មានមិនដល់ ក្រុមហ៊ុនស្មាត បានសម្រេចចិត្តដាក់ពាក្យបណ្តឹងសិល្បករទៅវិញ ដែលការធ្វើអំពើទាំងអស់នេះ ហាក់ដូចជាប្រាសចាកពីកិច្ចព្រមព្រៀង និងឆន្ទៈរបស់ស្មាត ជាមួយសិល្បករកម្ពុជា។

ពួកយើងបន្តការសង្ឃឹម យ៉ាងមុតមាំថា យើងនៅតែអាចបន្តធ្វើការងាររួមគ្នា ជាមួយក្រុមហ៊ុនស្មាត បើទោះបីជាស្ថានការណ៍ដ៏តាងតឹងមួយនេះ បានកើតឡើងចំពោះពួកយើងយ៉ាងណាក៏ដោយ។ ពួកយើងជឿថា ទាំងក្រុមហ៊ុនបារមី និងក្រុមហ៊ុន ស្មាត សុទ្ធតែមានឆន្ទៈរួមគ្នា គឺអភិវឌ្ឍន៍សិល្បៈតន្ត្រីនៅកម្ពុជា ឲ្យបានទៅមុខជាលំដាប់បើជ្រាបឲ្យកាន់តែច្បាស់ សូមអានខ្លឹមសារខាងក្រោមនេះទាំងអស់គ្នា៖

Comments

comments