សូមបងប្អូនមានការប្រុងប្រយ័ត្ន ! កម្ពុជានឹងរងឥទ្ធិពលព្យុះ ម៉ូឡាវ ចាប់ថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែតុលាខាងមុខនេះ

155
views

នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា យោតាមការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថាភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ វិសម្ពាធមួយ ដែលបានកើតឡើងក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (Molave) ដោយដើរចូលទៅភាគកណ្តាលប្រទេសហ្វីលីពីន។

តាមការព្យាករ ព្យុះនេះ នឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ (Quang Ngai) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ រួចបន្តដំណើរចូលលើតំបន់ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានស្ថានភាព ដូចខាងក្រោម៖

– បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង

– បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិននិងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើនយោងលើស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក ស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕

Comments

comments