ជួបគ្នាស្រឡាញ់គ្នាព្រោះហ្វេសប៊ុក ហើយហ្វេសប៊ុកក៏អាចបំផ្លាញស្នេហា​របស់​អ្នក​បាន​វិញដូចគ្នាដែរ!

111
views

Facebook គឺជា​កំពូល​មធ្យោបាយ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​នឹង​មិត្តភក្តិ​ទាំងចាស់ និង​ថ្មី តែ…សួរថា​តើ​បណ្តាញ​សង្គម​អន​ឡាញ​មួយ​នេះ​កំពុងតែ​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ឬទេ? ។

យ៉ាងណាក៏ដោយ ចង់​បន្ទោស​ថា​ជា​កំហុស​របស់​ហ្វេ​ស​ប៊ុ​គ​ក៏​មិនបាន​ដែរ ព្រោះ​អ្វីដែល​នាំ​ហានិភ័យ​មករក​សម្ព័ន្ធ​ភាពគ្រួសារ​នោះ គឺ​ការដែល​គូ​ស្វាមី-ភរិយា​ទាំងឡាយ​នោះ​ប្រើប្រាស់​បណ្តាញ​សង្គម​អន​ឡាញ​មួយ​នេះ​បែប​ខុស​ទំនង ទើប​ស្ថិតិ​នៃ​ការ​លែងលះ​កើនឡើង​ដែលមាន​មូលហេតុ​បណ្តាលមកពី​ការលេង​ហ្វេ​ស​ប៊ុ​គ​នេះឯង ។ ខាងក្រោម​នេះ គឺជា​មូលហេតុធំៗ 6យ៉ាង​ដែល​គូ​ស្វាមី-ភរិយា​សម័យថ្មី​អាច​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្លួន​បាន​ដោយសារតែ​ហ្វេ​ស​ប៊ុ​គ…។

1 . ភ្លើង​ស្នេហ៍​ចាស់ : ការស្វែងរក​គូសង្សារ​ចាស់​ឃើញ​តាមរយៈ​ហ្វេ​ស​ប៊ុ​គ គឺជា​រឿង​ងាយ​ខ្លាំងណាស់ ដែល​វា​ប្រៀបដូចជា​ការ​បង្កាត់ភ្លើង​ស្នេហ៍​ចាស់​ឱ្យ​ឆេះ​ឡើងវិញ និង​អាច​នាំ​ឆ្ពោះទៅរក​កា​ផឹ​ត​ក្បត់​បាន ។2 . បណ្តោយឱ្យ​ហ្វេ​ស​ប៊ុ​គ​គ្របតណ្តប់​ជីវិត​គ្រប់​វិនាទី​ក្នុងមួយថ្ងៃៗ : ហ្វេ​ស​ប៊ុ​គ​នៅ​ឆ្ងាយ​ពី​យើង​តែ​ប៉ុន្មាន​ឃ្លិ​ក​ប៉ុណ្ណោះ អាការ​ញៀន​ហ្វេ​ស​ប៊ុ​គ​អាច​នឹង​កើតឡើង​បាន ដោយហេតុ​នេះឯង​ទើប​នាំឱ្យ​កើត​មានការ​ល្អក់កករ​នៅក្នុង​ចិត្ត​កើតឡើង នៅពេលដែល​អ្នកលេង​ចាប់ផ្តើម​ប្រៀបធៀប​ព័ត៌មានថ្មីៗដ៏​គួរឱ្យ​រំភើប​របស់​អ្នកដទៃ ជាមួយនឹង​ជីវិត​ច្រំដែលៗរបស់​ខ្លួនឯង ។
3 . ត្អូញត្អែរ​រឿង​ផ្ទាល់ខ្លួន​ប្រាប់​អ្នកដទៃ​ក្នុង​ហ្វេ​ស​ប៊ុ​គ : ការប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​គ​ប្រកូក​ប្រកាសប្រាប់​គេឯង​ពី​បញ្ហា​ជីវិត​អាពាហ៍ពិពាហ៍ ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​ត្អូញត្អែរ​ពី​រឿង​ប្តី ប្រពន្ធ​ជា​សាធារណៈ​នោះ នឹង​រឹតតែ​សាង​នូវ​ក្តី​រំខាន រ៉ៅ​ឆាន និង​មានតែ​ធ្វើឱ្យ​សម្ព័ន្ធភាព​ជីវិត​គូរ​បស់​អ្នក​កាន់តែ”ស្មុគស្មាញ”ខ្លាំង​ជាង​មុន​ទៅទៀត​ប៉ុណ្ណោះ ។

4 . ទាក់ទង(ញ៉ែ)លេង​តាម​ផូ​ស្ត​សាធារណៈ : រូបថត និង​ប្រវត្តិ ការបញ្ចេញ​គំនិត​ត​យោបល់(Comment) ក៏​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ហ្វេ​ស​ប៊ុ​គ​ដែរ តែ​សុំឱ្យ​ប្រយ័ត្ន​ចំពោះ​អ្វីដែល​អ្នក​ផូ​ស្ត​នោះ​ផង ។ ការមិន​ផូ​ស្ត​ពាក្យពេចន៍​ដែល​មិន​សមរម្យ​គឺជា​សុជីវធម៌​មួយ​ដែរ ហើយ​ការមិន​ទៅ​លូកលាន់​នឹង​រឿង​អ្នកដទៃ​ក្រៅពី​គូជីវិត​របស់ខ្លួន​គឺជា​ផ្នែក​មួយ​នៃ​ការរក្សា​ពាក្យសន្យា​នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ផងដែរ ។

5 . ធ្វើជា​មិត្ត​ភ័ក្តិ​នឹង​មនុស្ស​ដែល​អាច​នឹង​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក : បើ​មនុស្ស​ដែល​អ្នក​អ៊ែដ ហ្វ្រ៊ែ​ន​ជាមួយ​នោះ​នាំនូវ​ផល​អវិជ្ជមាន​មករក​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នកផង​នោះ ស្ថានការណ៍​នឹង​រឹតតែ​អាក្រក់​ឡើងទៅ​ទៀត នេះ​រួមទាំង​មិត្ត​ភ័ក្តិ​ដែល​ចូលចិត្ត​ញ៉ែ​លេង ក្រុមគ្រួសារ​របស់​គូ​សា្វ​មី-ភរិយា និង​មិត្ត​ភ័ក្តិ​ដែល​ចូលចិត្ត​ចេះដឹង​រឿង​របស់​អ្នកដទៃ​ផង ។

6 . មិន​ព្រម​និយាយប្រាប់​ឱ្យ​គូជីវិត​របស់ខ្លួន​បានដឹងថា បានធ្វើ​អ្វី​នៅក្នុង​ហ្វេ​ស​ប៊ុ​គ​ខ្លះ : ការមិន​ព្រម​និយាយ​ពី​ហ្វេ​ស​ប៊ុ​គ​សោះ គឺជា​រឿង​មួយ​ដែល​បញ្ជាក់ថា ស្វាមី ឬ​ភរិយា​របស់​អ្នក​អាច​កំពុង​ព្យាយាម​លាក់បាំង​អ្វី​ម្យ៉ាង រឿងនេះ​អាច​បង្ក​ឱ្យ​កើតមាន​ការលែង​ជឿទុកចិត្ត​គ្នា ដែល​អាច​និយាយបានថា ជា​រឿង​មួយ​ដែល​អាក្រក់​បំផុត​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍ ។

ហ្វេ​ស​ប៊ុ​គ គឺជា​មធ្យោបាយ​ទាក់ទង​អន​ឡាញ​ចម្បង​គេ និង​ជា​ផ្នែក​មួយ​របស់​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​ភាគច្រើន ដូច្នេះ​អ្នកគួរតែ​និយាយប្រាប់​គូជីវិត​របស់​អ្នក​ថា អ្នកមាន​មិត្ត​ភ័ក្តិ​តាម​ហ្វេ​ស​ប៊ុ​គជា​មួយ​អ្នកណាខ្លះ ប្រាប់ Passwords របស់​អ្នក​ឱ្យ​ស្វាមី ឬ​ភរិយា​អ្នក​បាន​ដឹងផង និយាយ​គ្នា​ពី​កម្រិត​ក្នុង​ការលេង​ហ្វេ​ស​ប៊ុ​គ​របស់​អ្នក​ទាំងពីរ ព្រមទាំង​បញ្ជាក់​ពី​ភាពជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ផង ៕

Comments

comments