ពីក្មេងគ្មានផ្ទះសម្បែង តស៊ូរៀនក្លាយជាសិស្សពូកែប្រចាំវិទ្យាល័យ ឥឡូវជាប់ឈ្មោះរៀននៅ Harvard

240
views

អាមេរិក៖ យុវជនម្នាក់ដែលធ្លាប់គ្មានផ្ទះសម្បែងតស៊ូរៀនរហូតបានក្លាយទៅជាសិស្សពូកែប្រចាំវិទ្យាល័យ ហើយពេលនេះរូបគេបានជាប់ឈ្មោះទៅរៀននៅឯសាកលវិទ្យាល័យ Harvard ថែមទៀត។

យុវជនរូបនេះមានឈ្មោះ Derrick Ngo អាយុ ១៨ឆ្នាំ មានកុមារភាពដ៏ជូរចត់បំផុត ដោយធំឡើងគ្មានឪពុក ហើយត្រូវរស់នៅជាមួយម្តាយម្នាក់ ដែលតែងតែជាប់ពន្ធនាគារជាញឹកញាប់ថែមទៀត។

មុនពេល Derrick ទទួលបានជោគជ័យដូចសព្វថ្ងៃ រូបគេបានផ្លាស់ប្តូរសាលារៀនអស់ចំនួន ១២សាលា។កាលពីអាយុ១៥ឆ្នាំ គេចាប់ផ្តើមរស់នៅដោយខ្លួនឯងជាមួយនឹងជំនួយខ្លះៗពីម្តាយរបស់គេ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ លុះ២ឆ្នាំក្រោយមក គេក៏ធ្លាក់ខ្លួនគ្មានផ្ទះសម្បែង។

យុវជន Derrick បានប្រាប់ក្រុមសារព័ត៌មានថា៖«ពីមុនម្តាយខ្ញុំវក់នឹងល្បែងជាខ្លាំង។ ដូច្នេះខ្ញុំនិងបងប្អូនរបស់ខ្ញុំតែងតែចាំគាត់នៅកាស៊ីណូប្រៀបដូចជាសំរាមអីចឹង។»«ជាទូទៅយើងពុំមានអាហារគ្រប់គ្រាន់ហូបនោះទេ។ យើងគ្មានប្រាក់គ្រប់គ្រាន់ទេ។ យើងគ្មានប្រភពចំណូលច្បាស់លាស់នោះទេ ហើយនេះគឺជាអ្វីខ្ញុំបារម្ភបំផុត។»

ព្រោះតែចង់ផ្លាស់ប្តូរអនាគត Derrick បានតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ហើយនៅទីបំផុតរូបគេក៏បានក្លាយទៅជាសិស្សពូកែបំផុតប្រចាំវិទ្យាល័យ Energy Institute High School។

Derrick បាននិយាយបន្ថែមទៀតថា៖«ខ្ញុំដឹងថាប្រសិនបើខ្ញុំមិនបានប្រើប្រាស់សាលារៀន ការអប់រំ និងធនធានដែលខ្ញុំមាននោះទេ ខ្ញុំមិនអាចផ្លាស់ប្តូរស្ថានភាពជីវិតខ្ញុំបាននោះទេ។»មិនយូរប៉ុន្មាន Derrick ក៏បានជំនួយពីអង្គការ EMERGE ក្នុងការឧបត្ថម្ភការសិក្សានិងបណ្តុះបណ្តាលរូបគេឱ្យរៀននៅសាលាល្បីៗដោយ Derrick បានរៀបរាប់បន្ថែមទៀតថា៖

«ប្រសិនបើពុំមានជំនួយពីអង្គការ EMERGE នោះទេ ខ្ញុំក៏មិនអាចចូលរៀននៅឯសាកលវិទ្យាល័យ Harvard បានដែរ។ អង្គការ EMERGE បានជួយបណ្តុះបណ្តាលខ្ញុំ និងផ្តល់ឱកាសឱ្យខ្ញុំបន្តការសិក្សានៅឯសាកលវិទ្យាល័យ។»

បន្ថែមពីនេះទៀត Derrick ក៏អរគុណដល់អ្នកគ្រូ Judy Le ផងដែរ ដែលបានជួយបង្រៀនរូបគេ ទើបគេមានដូចសព្វថ្ងៃនេះ។

Derrick បាននិយាយបន្ថែមទៀតថា៖«គ្រូរបស់ខ្ញុំឈ្មោះ Judy Le ហើយគាត់គឺជាមនុស្សដ៏អស្ចារ្យបំផុតនៅក្នុងជីវិតខ្ញុំ។ អ្នកគ្រូ Judy Le បានផ្តល់ភាពកក់ក្តៅឱ្យខ្ញុំ ស្រលាញ់ខ្ញុំប្រៀបដូចជាកូនបង្កើតរបស់គាត់អីចឹង។»យ៉ាងណាមិញ នៅខែធ្នូខាងមុខនេះ Derrick នឹងចូលរៀននៅឯសាកលវិទ្យាល័យ Harvard ហើយ៕

Comments

comments