ថៃ៖ ជារឿងគួរឱ្យសោកស្តាយបំផុត សម្រាប់ក្រុមគ្រួសារ និងបណ្តាអ្នកគាំទ្រទាំងអស់របស់ បវរកញ្ញា Miss Grand Uthai Thani នាង Rattana Ramchatu ហៅ Fies ដែលត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបណ្តាលឱ្យបាត់បង់ជីវិត កាលពីថ្ងៃទី១ ខែមិថុនា ម្សិលមិញនេះ ក្រោយទទួលតំណែង បានរយៈពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានពីប្រទេសថៃបានឱ្យដឹងថា ការជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺនៅពេលដែលនាងបានធ្វើដំណើរចាកចេញពីខេត្ត Chumphon ដើម្បីទៅបំពេញធុរៈនៅក្នុងក្រុងថេប។
ដំណឹងដ៏រន្ធត់នេះ ស្ទើរតែធ្វើឱ្យគ្រប់គ្នាសឹងតែមិនជឿថា នាងចាកចេញទៅយ៉ាងឆាប់រហ័សដូច្នេះសោះ។
ទន្ទឹមនឹងនេះបណ្តាមិត្តភក្តិរួមក្រុម នៅក្នុងការប្រកួតប្រជែងបរវកញ្ញា Miss Grand Uthai Thani ទាំងអស់បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ជាមួយក្រុមគ្រួសាររបស់នាងផងដែរ។
គួរឱ្យដឹងដែរថា បវរកញ្ញានាង Rattana អាយុ១៩ឆ្នាំ បានគ្រងតំណែងជាបេក្ខនារីជ័យលាភីក្នុងកម្មវិធី Miss Grand Uthai Thani កាលពីថ្ងៃទី២៧ខែឧសភាកន្លងទៅនេះ ក្រោមការអបអរសាទរយ៉ាងច្រើនកុះករ មិនគួរណាមកជួបរឿងអាក្រក់ដូច្នេះសោះ។
បច្ចុប្បន្នសពនាង Rattana ត្រូវបានតម្កល់ ទុកធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្តឯស្រុកកំណើត ក្រោមការទួញយំ អាលោះអាល័យក្រៃលែងពីក្រុមគ្រួសារ៕
ទស្សនាកម្រងរូបភាពខាងក្រោម៖










